Logo

រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​សាងសង់​អគារ​កម្ពស់​៦០០​ម៉ែត្រ​នៅ​ទីតាំង​សណ្ឋាគារ​កាំបូឌីយ៉ាណា​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 11, 2018

(​ភ្នំពេញ)៖ រាជរដ្ឋាភិបាល​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប សាងសង់​សំណង់​នៅ​ទីតាំង​សណ្ឋាគារ កាំបូឌីយ៉ាណា កម្ពស់ ៦០០​ម៉ែត្រ​។ ប៉ុន្តែ​គម្រោង​នៃ​ការ​វាយ​សណ្ឋាគារ កាំបូឌីយ៉ាណា ចោល​នៅពេលណា​នោះ មិនទាន់មាន​ការបញ្ជា​ក់​ពី​ភាគី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប នៅឡើយ​ទេ​។​

​លោក​សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឲ្យ​ដឹងថា រដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប សាងសង់​សំណង់​នៅ​ទីតាំង​សណ្ឋាគារ កាំបូឌីយ៉ាណា កម្ពស់​៦០០​ម៉ែត្រ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា គម្រោង​វាយ​អគារ​សណ្ឋាគារ​ចាស់ ផ្លាស់​មកវិញ​នូវ​អគារ​ខ្ពស់​កម្ពស់​៦៦០០​ម៉ែត្រ នឹង​ចាប់ផ្ដើម​នៅពេលណា​នៅឡើយ​ទេ​។

​អ្នកនាំពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់ថា “​រដ្ឋាភិបាល​បានអនុញ្ញាត​ជាគោលការណ៍​អោយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប សាងសង់​សំណង់​នៅ​ទីតាំង​សណ្ឋាគារ កាំបូឌីយ៉ាណា កំពស់​៦០០​ម៉ែត្រ​។ ចំពោះ​ការ​វាយ​អគារ​សណ្ឋាគារ កាំបូឌី​យ៉ា នៅពេលណា សង់​របៀប​ម៉េច មិនទាន់​បានដឹង​ទេ​។ ហើយ​បើ​ចង់ដឹង ទាល់តែ​សួរ​ខាង​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។ គ្រាន់តែ​ឃើញ​ជាគោលការណ៍​ទេ គោលការណ៍​គេ​អនុញ្ញាត ប៉ុន្តែ​ក្រុមហ៊ុន​វៃ​(​សណ្ឋាគារ​កាំបូឌីយ៉ាណា​) ថ្ងៃ​ណា ធ្វើ​ថ្ងៃ​ណាអត់ទាន់​ដឹង​ទេ​”​។​

​ចំណែក​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ទាក់ទង​ការសាងសង់​អគារ​កម្ពស់ ៦០០​ម៉ែត្រ ដោយ​ទូរស័ព្ទ​ម​មិនអាច​ទាក់ទង​បាន​។​

​សូមជម្រាបថា ប្រសិនបើ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប សាងសង​អគារ​ដែលមាន​កម្ពស់ ៦០០​ម៉ែត្រ ដូច​គម្រោង​ពិតមែន គឺ​វា​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​លំដាប់​ទី​៤ ក្នុង​ពិភពលោក​លោក​។ អគារ​ខ្ពស់​ជាងគេ​នាពេល​បច្ចុប្បន្ន គឺមាន​ដូចជា អគារ Burj Khalifa នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ដែលមាន​កម្ពស់ ៨២៨​ម៉ែត្រ​។ អគារ​កម្ពស់​ខ្ពស់​លំដាប់​ទី​២ គឺ​អគារ Shanghai Tower នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន (​កម្ពស់ ៦៣២​ម៉ែត្រ​) និង​អគារ​ខ្ពស់​លំដាប់​ទី​៣ គឺ​អគារ Abraj Al-Bait Clock Tower នៅ​ទីក្រុង Mecca ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត (​កម្ពស់ ៦០១​ម៉ែត្រ​)​។​

​គួររម្លឹកថា ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​ទិញយក​សណ្ឋាគារ កាំបូឌីយ៉ាណា កាលពី​ឆ្នាំ​២០០៥​។ សណ្ឋាគារ​នេះ ជា​សណ្ឋាគារ​ទំនើប​លំដាប់​អន្តរជាតិ​ដំបូង​បំផុត​នៅ​កម្ពុជា ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៦៩ ប៉ុន្តែ​បាន​បិទទ្វា​ទៅវិញ​នៅ​ឆ្នាំ​បន្ទាប់ នៅពេល​លោក​លន់ ណុល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ​។ សណ្ឋាគារ​នេះ បាន​បើក​ជាថ្មី នៅ​ឆ្នាំ​១៩៩០​។ សណ្ឋាគារ​ដ៏​ចំណាស់​នេះ ត្រូវបាន​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ ១៩៦៩ និង​ជា​ព្រះរាជបំណង​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហនុ ដែល​សណ្ឋាគារ Cambodiana ដ៏​ចំណាស់​មួយ​នេះ ស្ទើរតែ​បាត់បង់​រូបរាង​ពី​ភ្នំពេញ នៅពេលដែល​របប​បដិវត្ត​ន៍​របស់​មេដឹកនាំ​លន់ នុ​ល និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម បាន​ផ្ទុះឡើង​ផ្ទួនៗ​គ្នា លើទឹក​ដី កម្ពុជា​។

ក្រោយ​សម័យ​ខ្មែរក្រហម​បានបញ្ចប់ នៅ​ពាក់កណ្ដាល​ឆ្នាំ ២០០០ មាន​និយោជក​ជនជាតិខ្មែរ​ម្នាក់ ដែលជា​ម្ចាស់​ក្រុមហ៊ុន Royal Group បាន​ទិញ​អគារ និង​ដីធ្លី សណ្ឋាគារ កាំបូឌីយ៉ាណា ទាំងមូល និង​ចំណាយ​ប្រាក់​វិនិយោគ​កែលម្អ​ឡើងវិញ ក្លាយជា​សណ្ឋាគារ​ដ៏​ស្រស់​ឆើតឆាយ បែប​ប្រពៃណី​ខ្មែរ​រហូតមកទល់​ពេល​សព្វថ្ងៃនេះ​។​

​សណ្ឋាគារ​លំដាប់​ផ្កាយ ៤ កាំបូឌីយ៉ាណា មានការ​រចនា​ម៉ូដ​តាមបែប​វប្បធម៌​ប្រពៃណី​ខ្មែរ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១.៥​គីឡូម៉ែត្រ​ពី​ព្រះបរមរាជវាំង វិមានឯករាជ្យ នឹង​សារមន្ទីរ​ជាតិ ដែល​សាក​សម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូលមក​សម្រាកកាយ ស្វែងយល់​ពី​វប្បធម៌ អរិយធម៌​ខ្មែរ ក៏ដូចជា​អាច​ជួបជុំ​កិច្ចពិភាក្សា​ការងារ​ធុរកិច្ច​ផ្សេងៗ​។ ក្នុងនោះ​ក៏មាន​កន្លែង​សម្រាប់ធ្វើ​លំ​ហាត់ប្រាណ បន្ទប់​ស្ប៉ា ម៉ាស្សា សាល​សម្រាប់​សិក្ខាសាលា កម្មវិធី​ជប់លៀង បារ និង​ភោជនីយដ្ឋាន​ផងដែរ​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts