Logo

ចិន​ច្រានចោល​ព័ត៌មាន​ដែលថា​វិនិយោគិន​ចិន​ដែល​វិនិយោគ​នៅ​កម្ពុជា គឺ​ដើម្បី​លាងលុយកខ្វក់​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 8, 2018

(​ភ្នំពេញ​)៖ មាន​ពាក្យ​ចចាមអារ៉ាម ថា​វិនិយោគិន​ចិន​មួយចំនួន​មក​វិនិយោគ​នៅ​កម្ពុជា​គឺ​ដើម្បី​លាងលុយកខ្វក់ តែ​ការចោទប្រកាន់​នេះ បាន​ត្រូវ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ច្រានចោល​ដាច់អហង្ការ​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក ស្យុ​ង ប៉ូ បានប្រកាស​ច្រានចោល​នូវ​ព័ត៌មាន​ដែល​បាន​ចោទប្រកាន់ថា​ភាគច្រើន​នៃ​វិនិយោគិន​​ចិន ដែល​វិនិយោគ​នៅ​កម្ពុជា គឺជា​ការវិនិយោគ​ដើម្បី​លាងលុយកខ្វក់​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​ការលើក​ឡើងជា​មតិ​អវិជ្ជមាន​នេះ​ត្រូវបាន​លោក​អះអាង​តប​វិញ​ថា ការនិយាយ​បែបនេះ​គឺ​ពួកលោក​ខាងលិច ដែល​ច្រណែន​ភាពរុងរឿង​របស់​ចិន​និង​កម្ពុជា​។​

​ការប្រកាស​ទាត់ចោល​ព័ត៌មាន​ខាងលើនេះ ត្រូវបាន​លោក ស្យុ​ង ប៉ូ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំឡើង​នៅក្នុង​ស្ថាន​​ទូត​ចិន​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​លោក​ឯកអគ្គរដ្ឋទូត​ចិន​បាន​ថ្លែងថា​«​លុយ​ដែល​ចេញចូល​ប្រទេស​ចិន រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ចំពោះ​ថវិកា​ណាមួយ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​ហើយ​វិធានការ​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​មួយចំនួន​រអ៊ូរទាំ​ថា​ច្បាប់​នេះ​តឹងរឹង​​ពេក​ចំពោះ​លុយ​ចេញពី​ប្រទេស​ចិន​មក​កម្ពុជា ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពួកគេ​បើក​អាជីវកម្ម​នៅ​កម្ពុជា​មានការ​យឺតយ៉ាវ​»​។​

​លោក​ឯកអគ្គរដ្ឋទូត​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​៖«​ការ​លើកឡើងថា​វិនិយោគិន​របស់​ចិន​នៅ​កម្ពុ​ជាមួយ​ភាគ​ធំ​គឺ​សុទ្ធតែជា​ការលាង​​លុយ​នោះ​គឺ​មិន​ពិត​ឡើយ​ជាការ​លាប​ពណ៌ និង​មួលបង្កាច់ ចំពោះ​វិនិយោគិន​ចិន​នៅ​កម្ពុជា​។​មាន​សារព័ត៌មាន​មួយចំនួន​តូច​បាន​​ចុះផ្សាយ​ថា វិនិយោគិន​ចិន​នៅ​កម្ពុជា ភាគច្រើន​គឺ​ដើម្បី​លាង​លុយ​នោះ ខ្ញុំ​ចាប់អារម្មណ៍​ថា ព័ត៌មាន​ទាំងអស់នោះ​ភាគច្រើន​គឺ​មក​​ពី​ប្រទេស​ប៉ែក​ខាងលិច​ហើយ​ជាការ​ចុះផ្សាយ​ព័ត៌មាន​នេះ​គឺមាន​គោលបំណង​សំដៅ​រឿង​នយោបាយ​ដោយសារ​ពួក​មិន​ចង់​មើលឃើញ​​ទំនាក់ទំនង​ចិន និង​កម្ពុជា​ល្អប្រសើរ ដូច​ពេលបច្ចុប្បន្ន​»​។​

​ទន្ទឹមនឹងនេះ លោក​អគ្គរដ្ឋទូត បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ចំណាត់ការ​យ៉ាង​តឹងរឹង​ចំពោះ​លុយ​ដែល​ចេញ​ចូលមក​កម្ពុជា​​ផងដែរ​ហើយ​ភាគី​ចិន​រីករាយ​នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា ពង្រឹង​ការត្រួតពិនិត្យ​លុយ​ដែល​ចេញចូល​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts