Logo

លិខិត​កត់ចំណាំ​របស់​ចុង​យុន បង្ហាញ​ការតស៊ូ​ពុះពារ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​របស់​តារាចម្រៀង K-pop រូបនេះ


ដោយ ៖ កាសែត រស្មីកម្ពុជា

December 20, 2017

​លិខិត​បណ្តាំ​មួយ ដែល​គេ​ជឿថា​សរសេរ​ដោយ​តារាចម្រៀង K -Pop ចុង​យុន (Jonghyun) ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ដោយ​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់ ដោយ​បង្ហាញ​ការតស៊ូ​ជាមួយ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

​លិខិត​ដែល​បង្ហោះ​ដោយ​តារាចម្រៀង​ស្រី ឈ្មោះ ណា​ញ (Nine) បាន​និយាយថា “​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​កំពុង​លេប​ត្របាក់​ខ្ញុំ​សន្សឹមៗ ទីបំផុត​វាបាន​ស៊ី​រូបខ្ញុំ​ហើយ​”​។​

​ចុ​យុន អាយុ ២៧ ឆ្នាំ ត្រូវបាន​ប្រទះឃើញ​ស្លាប់ កាលពី​ថ្ងៃ​ចន្ទ ទី​១៨​ធ្នូ ដោយ​សង្ស័យ​ធ្វើអត្តឃាត​។​

​គាត់​ជា​តារាចម្រៀង​មេក្រុម​ក្នុង​ក្រុម​ចម្រៀង​ដ៏​ធំ​បំផុត​មួយ​របស់​កូរ៉េខាងត្បូង គឺ​ក្រុម Shinee ។ ការស្លាប់​របស់គាត់​បា​ន​ធ្វើឱ្យ​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក​សោកសៅ​បំផុត​។​

​កាលពី​ថ្ងៃ​អង្គារ ណា​ញ ដែលជា​សមាជិក​នៃ​ក្រុម​ចម្រៀង Dear Cloud បាន​ចែករំលែក​លិខិត​របស់​ចុង​យុន​នៅលើ​អ៊ី​ន​ស្តា​ក្រាម (Instagram) ដោយ​នាង​បាន​និយាយថា ចុង​យុន​បាន​ផ្ញើ​សារលិខិត​នេះ​ឱ្យ​នាង ជាមួយ​ការណែនាំ​ឱ្យ​បញ្ចេញ​វា​ជា​សាធារណៈ ប្រសិនបើ​គាត់ “​បាត់​ខ្លួន​ពី​ពិភពលោក​នេះ​”​។​

​ផលិតកម្ម Mymusic Entertainment ដែល​គ្រប់គ្រង​ក្រុម Dear Cloud បានបញ្ជាក់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​ថា លិខិត​នេះ​ត្រូវបាន​បង្ហោះ បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រួសារ​របស់​ចុង​យុន​។​

​លិខិត​នោះ​និយាយ​អំពី​ការតស៊ូ​របស់គាត់​ជាមួយនឹង​ការរស់នៅ​ក្រោម​ក្រសែភ្នែក​សាធារណជន ដោយ​និយាយថា “​ខ្ញុំ​បានខ្ទេចខ្ទាំ​អស់ហើយ​នៅ​ខាងក្នុង​” និង “​ជីវិត​នៃ​កិត្តិនាម​ល្បីល្បាញ​នេះ​មិនមែន​សម្រាប់​ខ្ញុំ​ទេ​”​។​

“​ខ្ញុំ​អាច​និយាយ​អី​បាន​ទៀត​។ សូម​ប្រាប់​ខ្ញុំ​មក​ថា ខ្ញុំ​ធ្វើ​បានល្អ​ណាស់​។ នោះ​គឺ​គ្រប់គ្រាន់​ហើយ​។ ថា​ទៅ ខ្ញុំ​ប្រឹងប្រែង​ខ្លាំងណាស់​ហើយ​។ បើ​អ្នក​មិនអាច​ញញឹម​ទេ សូមកុំ​រិះគន់​ខ្ញុំ ដោយសារតែ​ឥរិយាបថ​របស់ខ្ញុំ​”​។​

​ទោះយ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​ណាមួយ​ប្រាប់ថា​តើ​លិខិត​នោះ​ត្រូវបាន​សរសេរ​ឬ​ផ្ញើ​ទៅ​នាង ណា​ញ នៅពេលណា​នោះទេ​។​

​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធើ អ្នកគាំទ្រ​របស់គាត់​បា​ន​បកស្រាយ​សារលិខិត​នោះ​ថា ជា​សំណើ​ចុងក្រោយ​របស់​តារាចម្រៀង​រូបនេះ​ផ្ញើមក​ពួកគេ​។​

​ចុង​យុន ដែលមាន​ឈ្មោះ​ពេញ​ថា គីម ចុង​យុន (Kim Jong-hyun) ត្រូវបាន​ប្រទះឃើញ​សន្លប់​ស្តូកស្តឹង​នៅផ្ទះ​របស់គាត់​នៅ​ទីក្រុង​សេ​អ៊ូ​ល​។ គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ជាទី​ដែល​គាត់​ត្រូវបាន​ប្រកាសថា​ស្លាប់​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP បានឱ្យដឹងថា ចុង​យុន​បាន​ផ្ញើ​សារ​ជាច្រើន​ទៅ​បងស្រី​របស់គាត់ ដែល​ក្នុងនោះ​មាន​ឃ្លា​មួយ​និយាយថា “​នេះ​គឺជា​ការ​លា​ចុងក្រោយ​របស់ខ្ញុំ​ហើយ​”​។​

​ប៉ូលិស​បាន​និយាយថា ពួកគេ​នឹងមិន​ធ្វើ​កោសល្យវិច័យ​សាកសព​ទេ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​គ្រួសារ​របស់​ចុង​យុន​។​

​ពិធី​បុណ្យសព​ឯកជន​របស់​ចុង​យុន​នឹងធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២១ ខែធ្នូ​។

​គួរ​បញ្ជាក់ថា ក្រុម Shinee ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ ដែលមាន​សមាជិក ៥ នាក់ ក្រោម​ផលិតកម្ម SM Entertainment ហើយ​ក្រុម​នេះ​បាន​ល្បីឈ្មោះ​យ៉ាង​រហ័ស និង​ក្លាយជា​ក្រុម​ចម្រៀង​ប្រុស​ដ៏​ធំ​បំផុត​មួយ​របស់​កូរ៉េខាងត្បូង​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts