Logo

ក្រុមហ៊ុនធំជាងគេនៅជប៉ុន សហការជាខ្មែរធ្វើឱ្យប្រលោមលោកក្នុងស្រុកកាន់តែល្អមើលជាងមុន


ដោយ ៖ Mr. Reno

July 27, 2018

ប្រលោមលោកសប្បាយ (Sabay E-novel) បានចុះកិច្ចព្រមព្រៀង (MoU) ជាមួយក្រុមហ៊ុន SHOGAKUKAN ដែលជាអ្នកបោះពុម្ពម៉េងហ្គា (Manga) ដ៏ធំជាងគេមួយនៅប្រទេសជប៉ុន ដើម្បីបោះពុម្ពម៉េងហ្គាជាភាសាខ្មែរសម្រាប់ប្រជាជនកម្ពុជា ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨។

លោក ជី សិលា នាយកប្រតិបត្ដិក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លឹស បានឲ្យដឹងថា «ប្រជាជនខ្មែរ ពិសេសយុវវ័យ តែងស្វែងរកនូវអ្វីប្លែកៗសម្រាប់ការកម្សន្ដរបស់ពួកគេ។ ម៉េងហ្គា មិនត្រឹមតែពេញនិយមនៅក្នុងប្រទេសជប៉ុននោះទេ ពោលគឺពាសពេញពិភពលោកតែម្ដង។ ក្នុងនាមជាក្រុមហ៊ុនមួយដែលនាំមុខគេក្នុងវិស័យសារពត៌មាន និងកម្សន្ដតាមបែបអេឡិចត្រូនិចនៅកម្ពុជា សប្បាយបាននិងកំពុងខិតខំប្រឹងផ្ដល់ឲ្យប្រជាជនខ្មែរនូវការកម្សាន្ដប្លែកៗ ថ្មីៗ ហើយនៅពេលនេះ យើងបាននាំយក ម៉េងហ្គាជាភាសាខ្មែរ ដំបូងគេបង្អស់មកកម្ពុជា»។
លោកបានបន្ថែមទៀតថា ម៉េងហ្គារជាភាសាខ្មែរ នឹងត្រូវបានផលិតដោយវិធីពីរយ៉ាង។ ទីមួយ រឿងម៉េងហ្គាដើមពីជប៉ុននឹងត្រូវបាន យកមកបកប្រែជាភាសាខ្មែរ។ វិធីមួយទៀតគឺ រឿងមួយចំនួនដែលពេញនិយមនៅលើប្រលោមលោកសប្បាយ នឹងត្រូវយកមកបំលែងទៅជារឿងម៉េងហ្គា ហើយចុះផ្សាយនៅលើប្រលោមលោកសប្បាយ ។

នាយកប្រតិបត្ដិរូបនេះបានបន្ដទៀតថា «យើងក៏គ្រោងនឹងបង្កើតតួអង្គម៉េងហ្គាខ្មែរផងដែរ ដើម្បីចូលរួម ជួយលើកស្ទួយកម្មសិទ្ធិបញ្ញា» ។
ដោយឡែក លោក Yasuyuki Sagami នាយកក្រុមហ៊ុន SHOGAKUKAN បានលើកឡើងថា «យើងរីករាយយ៉ាងខ្លាំង ដែលអាចពង្រីកអាជីវកម្មរបស់យើងនៅអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាប្រទេសមួយកំពុងមានសក្ដានុពលខ្លាំង។ យើងសង្ឃឹមថា តាមរយៈការចាប់ដៃគូជាមួយប្រលោមលោកសប្បាយ ម៉េងហ្គាជាភាសាខ្មែរ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំង » ។
រឿងម៉េងហ្គាដំបូងដែលត្រូវបានបកប្រែជាភាសាខ្មែររួចហើយនោះគឺរឿង «ការស្លាប់របស់វីរបុរស» បានមានចុះ ផ្សាយលើប្រលោមលោកសប្បាយហើយ។ វាគឺជារឿងម៉េងហ្គា នេះត្រូវបានចុះផ្សាយដំបូង នៅឆ្នាំ២០១៤ ដែលសព្វថ្ងៃរឿងនេះមិនទាន់ចប់នៅឡើយទេ។ រឿងនេះនិយាយអំពីម្ចាស់ចំការឆៃថាវម្នាក់ដែលត្រូវបានគេបង្ខំឲ្យការពារអ្នកភូមិពីពួកបិសាច បន្ទាប់ពីវីរៈបុរសក្នុងស្រុកបានស្លាប់ ដោយសារអន្ទាក់របស់បិសាចរបស់គាត់។

អំពីប្រលោមលោកសប្បាយ

ប្រលោមលោកសប្បាយ ដែលត្រូវបានសម្ពោធនៅខែកុម្ភៈឆ្នាំ២០១៧ ជាវេទិកាឌីជីថលតែមួយគត់នៅកម្ពុជា សម្រាប់អ្នកនិពន្ធនានា ចុះផ្សាយរឿងប្រលោមលោករបស់ខ្លួន និងទទួលបានប្រាក់ចំណូល តាមរយៈចំនួនអ្នកអាននៅលើវេទិកានេះ។ វាត្រូវបានគេបង្កើតឡើងដើម្បីជំរុញឲ្យប្រជាជនខ្មែរអានឲ្យបានច្រើន និងស្វែងយល់ពីរឿងដើម និងវប្បធម៌របស់កម្ពុជា។ ពេលទាញយកកម្មវិធីប្រលោមលោកសប្បាយ អ្នកអាននឹងទទួលបានការអនុញ្ញាតពេញលេញលើមាតិការឿង និងអាចមានឱកាសអាន ស្ដាប់ និងចែករំលែកនូវមាតិកាទាំងនោះ។ ជាមួយនឹងអ្នកគាំទ្រជាង៥លាននាក់លើហ្វេសប៊ុក ប្រលោមលោកសប្បាយបាននិងកំពុងទាក់ចិត្តអ្នកអានជាច្រើនពាន់នាក់។

អំពី SHOGAKUKAN

SHOGAKUKAN ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩២២ ជារោងបោះពុម្ពដែលឯកទេសក្នុងការផលិតទស្សនាវដ្ដីបែបអប់រំសម្រាប់គ្រូ និងក្មេងៗថ្នាក់បឋមសិក្សានៅជប៉ុន។ ជាច្រើនឆ្នាំកន្លងផុតទៅ SHOGAKUKAN បានបោះជំហានបន្ដិចម្ដងៗក្នុងការពង្រីកទំហំ និងចំនួនបោះពុម្ពផ្សាយរបស់ខ្លួន ដើម្បីបំពេញតម្រូវការយ៉ាងសំបូរបែបរបស់អ្នកអាន ជាមួយនឹងការបែងចែកក្រុមអាយុ និងប្រភេទប្រជាជន។

បច្ចុប្បន្ន SHOGAKUKAN គឺជាអ្នកបោះពុម្ពផ្សាយម៉េងហ្គានាំមុខគេមួយនៅជប៉ុន ដែលបានបោះពុម្ពទស្សនាវដ្ដី ៨០លេខជាង ក្នុងចំនួន ១៥០លានក្បាល សៀវភៅ ៨,០០០រឿង ក្នុងចំនួន ២១លានក្បាល សៀវភៅម៉េងហ្គា ១៣,០០០រឿង ក្នុងចំនួន ៨០លានក្បាល សៀវភៅទស្សនាវដ្ដី ៨០០លេខ និងថាសឌីវីឌី ៤,០០០រឿង ក្នុងចំនួន ៧៧០ថាស រៀងរាល់ឆ្នាំ (ក្នុងឆ្នាំ២០១៦) ។

ជាមួយនឹងជំហរដ៏រឹងមាំនៅក្នុងទីផ្សារជប៉ុន ក្រុមហ៊ុនSHOGAKUKAN បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេស ដូចជានៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងប៉ារីស សៀងហៃ និងតៃវ៉ាន់។ ជាមួយនឹងការរីកចម្រើន និងអភិវឌ្ឍខ្លួនដ៏គួរឲ្យកត់សំគាល់នៅបណ្ដាប្រទេសនានាក្នុងទ្វីបអាស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនSHOGAKUKAN ឃើញសក្ដានុពលធំមួយនៅក្នុងទីផ្សារអាស៊ី៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts