Logo

វិបុលឡាឡា កូនខ្មែរពូជអ្នក ព្រៃវែង ទទួលការគាំទ្រសមជាតារាចម្រៀង Original Song


ដោយ ៖ Mr. Eric

February 17, 2018

ជាមនុស្សមានចិត្តស្រលាញ់សិល្បៈតាំងពីនៅសិក្សាមិនទាន់ទទួលបានជោគជ័យ ប៉ុន្តែលោក មិ វិបុល ហៅ វិបុលឡាឡា កូនខ្មែរ មកពីខេត្តព្រៃវែង បានក្លាយជាតារាចម្រៀងល្បីឈ្មោះមួយរូបគួរអោយសរសើរ ក្នុងចំណោមពលករខ្មែរ ដែលបានបម្រើការនៅទីនោះនាពេលបច្ចុប្បន្ន។

លោកមិនត្រឹមតែជាតារាចម្រៀងដែលត្រូវបងប្អូនខ្មែរជាពលករកូរ៉េទទួលស្គាល់ថាជាតារាចម្រៀងល្បីមួយរូបក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ តែលោកក៍ជាមេក្រុមចម្រៀង និងតន្ត្រីករ GOG ដែលជាក្រុមសិល្បៈធំមួយប្រចាំប្រទេសកូរ៉េ ដែលមានសកម្មភាពខ្លាំង ស្ទើរគ្រប់វេទិកាប្រគំតន្ត្រីទាំងអស់ ក្នុងក្រុមពលករកូរ៉េ។

លោកគឺជាតារាចម្រៀងដែលផុសចេញពីការងារជាពលកកូរ៉េ ហើយមានទីផ្សារខ្លាំងក្លា ដោយការប្រគំតន្ត្រីសប្បុរសធម៍ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ កុម្ភៈ នៅស៑ូវុន ក្រោមការរៀបចំរបស់អង្គការខ្ញុំខ្មែរ និង គ្រួសារតារាកម្ពុជា គឺជាភស្តុតាងស្រាប់ ដោយក្រៅពីតារាល្បីៗមកពីប្រទេសកម្ពុជា លោកជាតារាពលករកូរ៉េ ដែលមានសន្ទុះជាងគេ។ ក្នុងចំណោមពលករខ្មែរបម្រើការនៅក្នុងកូរ៉េ គេអាចនិយាយបានថា កាន់តែមានការទទួលស្គាល់ច្រើនឡើងថា លោក វិបុលឡាឡា កូនខ្មែរ គឺជាតារាចម្រៀងល្បីម្នាក់ ដែលក្រោយពីមានទីផ្សារជាតារាចម្រៀង ក៍បានបង្កើតប្រមែប្រមូលពលករខ្មែរនៅទីនោះ ដែលមានសមត្ថភាពផ្នែកតន្ត្រី និងច្រៀង ជាក្រុម GOG ហើយបង្កើតសកម្មភាព ទាំងច្រៀងយកកម្រៃ និងសប្បុរសធម៍ នៅក្នុងប្រទេសកូរ៉េ។

លោកបានអះអាងថា នឹងបង្ហាញបទចម្រៀង Original Song ចំនួន៥បទក្នុងពេលដ៍ខ្លី ដើម្បីពង្រឹងទីផ្សារ និងប្រជាប្រិយ ក្នុងចំណោមពលករកូរ៉េ ដោយលោកប្រកាសថា ក្រុមចម្រៀង និង តន្ត្រីករ GOG របស់លោក នឹងរួមគ្នា ផលិតMV សម្រាប់បទទាំង Original Song ទាំង៥នោះផង។ លោកបញ្ជាក់ ក្នុងអំឡុងខែ៤ខាងមុខ បទចម្រៀងនិពន្ធថ្មីសុទ្ធសាធរបស់លោកនឹងមានវត្តមានជាលើកដំបូង ប៉ុន្តែលោកថា សម្រាប់បទប្រភេទកែប៉ារូល និងCover គឺមានច្រើនបទមកហើយ ដោយសារបទទាំងនោះ ធ្វើអោយលោកត្រូវបានទទួលស្គាល់ជាតារាចម្រៀងមួយរូប ក្រោយបង្ហោះបទទាំងនោះលើយូធូប។

នៅប្រទេសកូរ៉េ លោកជាតារាមួយរូបដែលមានបងប្អូនខ្មែរស្គាល់ខ្លាំង ជាពិសេសបន្ទាប់ពីបានបង្កើតក្រុម GOG ដែលមានទាំងសមាជិកជាក្រុមចម្រៀងល្អៗ និងមានទាំងវង់តន្ត្រីករមួយវង់ ដែលត្រូវបងប្អូនខ្មែរកាន់តែច្រើន ជួយអោយសម្ដែង។ មុនប្រែក្លាយខ្លួនជាតារាដែលមានទីផ្សារសិល្បៈ លោកក៍ជាតារាចម្រៀងប្រចាំក្លិបកម្សាន្តមួយនៅកូរ៉េ បន្ថែមពីលើការងារជាពលករផងដែរ។ លោកប្រកាសថា ក្រុមGOG ជាក្រុមសិល្បៈផុសចេញពីសិល្បករ១០០ភាគរយ ដោយក្រុមរបស់លោក ក៍ប្រកាសមិនសម្ដែងសម្រាប់កម្មវិធីឃោសនាពាក់ព័ន្ធនឹងបក្ស ដែលធ្លាប់ស្នើអោយសម្ដែងនោះផង។

លោកថា ទម្រាំទទួលបានការគាំទ្រមកទល់ពេលនេះ គឺបានហែលឆ្លងនូវការប្រឹងប្រែងខ្លាំងណាស់ ទើបលោកមិនចេះតែទទួលការងារសិល្បៈ ដែលមានទម្រង់នយោបាយនោះទេ ដើម្បីកុំអោយមានការរិះគន់ពីក្រុមពលករកូរ៉េ។ លោកថាសប្បាយចិត្តទទួលច្រៀងកម្មវិធីមិនយកលុយសម្រាប់ពលករខ្មែរ តែបើអោយច្រៀងក្នុងកម្មវិធីពាក់ព័ន្ធនឹងបក្ស ជាថ្នូរនឹងបានលុយច្រើនៗ គឺមិនទទួលឡើយ។

សូមបញ្ជាក់ថា ការប្រគំតន្ត្រីដែលបានធ្វើឡើងនៅក្រុងស៊ូវុន ក្រោមការធានាយកតារាខ្មែរពីកម្ពុជាដោយអង្គការ«ខ្ញុំខ្មែរ» និងចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា» លោកទទួលប្រជាប្រិយពីអ្នកចូលរួមទស្សនាមិនធម្មតា។ លោកមានសមត្ថភាពច្រៀងបានពិរោះទាំងបទបុរាណ និងបទស្ទាវ ជាពិសេសបទរាំកម្សាន្ត។ ការប្រគំតន្ត្រី ដែលមានតារាចម្រៀង ចេន សាយចៃ និង លោក ហាក់ ធៀមុនី តារាសម្ដែងនៅកម្ពុជា កាលពីថ្ងៃទី១៦ កុម្ភៈ គឺលោកលេចធ្លោរមិនធម្មតា ក្នុងចំណោមតារាៗដែលបានបង្ហាញខ្លួន។

លោក វិបុលឡាឡា កូនខ្មែរ បានអះអាងថា លោកនឹងរៀបចំក្រុម GOG អោយមានទាំងក្រុមចម្រៀង មានតន្ត្រីករ មានក្រុមកាត់ត ក្រុមអ្នកនិពន្ធ និងអ្នកផលិតMV ដើម្បីជ្រោមជ្រែងអ្នកមានសមត្ថភាពខាងផ្នែកចម្រៀងក្នុងចំណោមពលករកូរ៉េ អោយបានក្លាយជាតារាអាជីព។ លោកបម្រើការនៅក្នុងប្រទេសកូរ៉េបានរយៈពេល២ឆ្នាំ១០ខែ ដោយបញ្ចប់កុងត្រា៣ឆ្នាំ លោកនឹងត្រលប់ទៅកម្ពុជាវិញ ដើម្បីពង្រឹងមុខរបរបើកហាងកាហ្វេដែលលោកបានបើកជិត១ឆ្នាំនៅកម្ពុជាដោយមានបងធម៍ជាដៃគូភាគហ៑ុន និងបន្តការងារសិល្បៈ នៅកម្ពុជា៕

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime