Logo

ប៉ូលិស​បញ្ជូន​ខ្លួន​ស្ត្រី​យក​ស្បែកជើង​គប់​រូប​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​


ដោយ ៖ កាសែត រស្មីកម្ពុជា

February 10, 2018

(​ភ្នំពេញ)៖ ស្ត្រី​ឈ្មោះ សំ សុខា អតីត​សកម្មជននៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវបាន​កម្លាំង​ប៉ូលិស​ក្រសួងមហាផ្ទៃ បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​បន្ទាប់ពី​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​ដោយ​ស្នាក់នៅ​ហួស​ទិដ្ឋាការ និង​បានប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

​ស្ត្រី​ឈ្មោះ សំ សុខា ត្រូវបាន​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ កន្លងមកនេះ​។ ដោយ​នៅក្នុង​ដីកា​បាន​បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវ​បានដាក់​ស្ថិតក្រោម​ការពិនិត្យ​ពីបទ ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ចំណែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ថា ស្ត្រី​ឈ្មោះ សំ សុខា ប្រើ​សិទ្ធិ​ហួស​ព្រំដែន​ច្បាប់​កំណត់​ដែល​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​និង​លើកទឹកចិត្ត​ការបញ្ចេញ​មតិ តែ​មិន​ស្វាគមន៍ មិនអាច​ទទួលយកបាន​ទេ ការជេរប្រមាថ ការ​ជេរប្រទេច​ផ្តាសារ​។​

​លោក​បាន​លើកឡើងថា អ្នកវិភាគ​ថា​ការ​ចាប់ចង​សកម្មជន​បក្សប្រឆាំង​នាំ​ឲ្យ​ខូចខាត​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ? ការ​មាន​វិធានការ​ណ៏​ផ្លូវច្បាប់​ចំពោះ​ជនល្មើស​ច្បាប់ គឺជា​ការពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​។ អ្នកប្រព្រឹត្ត​ខុសច្បាប់​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ គេ​ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​តែ​សមាជិក​បក្សប្រឆាំង ? មិនមែន​ដូច​គេ​ថា​នោះទេ ។ មនុស្ស​គ្រប់រូប ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។ សមាជិក​បក្សប្រឆាំង​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់ ស្របតាម​ពិរុទ្ធភាព​នៃ​អំពើ​ខុសច្បាប់​របស់ខ្លួន​។ ចំណែក​អ្នកគាំទ្រ​បក្សប្រឆាំង ដែលថា​ជិត​កន្លះ​នគរ​ឯទៀត មានទោស​ឯណា ពីព្រោះ​អ្នក​ទាំងនោះ​មាន​បានធ្វើ​ខុសច្បាប់​ឯណា​?​។ ដូច្នេះ​កុំ​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើទុក្ខបុកម្នេញ​បក្សប្រឆាំង​នោះ មិនមែន​ទេ​។​

​សូមជម្រាបថា ស្ត្រី​ឈ្មោះ សំ សុខាបាន​យក​ស្បែកជើង​គប់​រូប​សម្តេច​ត​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន ដើម្បី​យក​ឡេះ​រត់គេចខ្លួន​ទៅ​ថៃ ដើម្បី​បាន​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន និង​បាន​ចាក​ទៅ​រស់នៅ​ប្រទេស​ទី​៣​។

​ស្ត្រី​រូបនេះ បានគេច​ខ្លួន​ពី​កម្ពុជា​ទៅ​រស់នៅ​ប្រទេស​ថៃ ចាប់តាំងពី​ខែមេសា​ឆ្នាំ ២០១៧​។ នាង​បាន​ភៀសខ្លួន​ចេញពី​កម្ពុជា​បន្ទាប់ពី​ប៉ូលិស​បាន​បើក​ការស៊ើបអង្កេត​លើ​វីដេអូ​ឃ្លី​ប​នៅលើ​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញ នាង​គប់​ស្បែកជើង​លើ​រូបភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន នៅលើ​ផ្ទាំង​ប៉ាណូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts