Logo

កុំគិតថារួចខ្លួន! ជុងអត់ភ្លេចកុកទេ! ស្នងការ​នគរបាល​រាជភ្នំពេញ​បញ្ជា​ឲ្យ​ចាប់​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​នៅតាម​ផ្លូវ​តូចៗថែមទៀត


ដោយ ៖ កាសែត រស្មីកម្ពុជា

January 7, 2018

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានដាក់​បទ​​បញ្ជា​ឲ្យ​អធិការនគរបាល​ខណ្ឌ​ទាំង​១២ បញ្ចេញ​កម្លាំង​នៅតាម​ប៉ុស្តិ៍​ចេញ​ប្រតិបត្តិការ​នៅតាម​ដងផ្លូវ​តូចៗ ក្នុង​មូលដ្ឋាន​របស់ខ្លួន​ដើម្បី​​ឃាត់​យានយន្ត​ដែល​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​។

ការបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ខណ្ឌ​ទាំង​១២ ឃាត់​ម៉ូតូ​នៅតាម​ផ្លូវ​តូចៗ​ដោយសារតែ​លោកស្នងការ​មើលឃើញថា​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​​សុវត្ថិភាព​នៅមាន​ចំនួន​ច្រើន​នៅឡើយ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បានដាក់​បទបញ្ជា​យ៉ាង​ដូច្នេះ​ថា “​ជំរាបជូន​លោក​អធិការ​ខណ្ឌ​ទាំង​១២​ក្នុងការ​ត្រួតពិនិត្យ​ការ​​អនុវត្ត ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​១ ថ្ងៃទី​៥ មករា ឆ្នាំ​២០១៨ នេះ ខ្ញុំ​បាន​ពិនិត្យ​ដោយផ្ទាល់​ខ្លួនឯង ពិនិត្យឃើញថា​បទល្មើស​​ចរាចរណ៍ អ្នក​ដែល​បើក​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព នៅតែមាន​ចំនួន​ច្រើន ជាពិសេស​នៅតាម​ដងផ្លូវ​តូចៗ ដែល​ខុសពី​ផ្លូវធំ​ដែល​​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​យើង បើក​ប្រតិបត្តិការ ដូច្នេះ​ខ្ញុំ​សូម​សំណូមពរ ពិនិត្យ​ទៅលើ​បទពិសោធន៍​សូមឱ្យ​លោក​អធិការ​ទាំង​១២ បញ្ជា​ឲ្យ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំងអស់ នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ចេញ​ប្រតិបត្តិការ​តាម​ដងផ្លូវ​តូចៗ​ធ្វើយ៉ាងណា​ឃាត់​យាន​​យន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​ឲ្យ​បាន​”​។​

​លោកស្នងការ​បាន​ប្រាប់​អ្នកកាសែត​ថា សម្រាប់​ម៉ូតូ​ល្មើសច្បាប់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ទុក និង​បាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ម្ចាស់​ទោចក្រយានយន្ត អញ្ជើញ​ទៅ​បង់​ការផាកពិន័យ និង​បំពេញបែបបទ​តាមច្បាប់ ដើម្បី​យក​ម៉ូតូ​ត្រឡប់មកវិញ​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​ក្នុង​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ និង​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ ប៉ូលិស​នៅ​រាជធានី​ភ្នំពេញ បាន​ចាប់​ឃាត់​ម៉ូតូ​សរុប ១.១៩៦ គ្រឿង​។ ម៉ូតូ​ទាំងនោះ ត្រូវបាន​ម្ចាស់​បើកបរ​ដោយ​បញ្ច្រាសទិស មិន​ពាក់មួក​សុវត្ថិភាព មិនមាន​កញ្ចក់​មើល​ក្រោយ​និង​មិនមាន​ស្លាក​លេខ​៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts