Logo

“អន្ទងវិញ្ញាណ” ត្រៀមផលិតឱ្យព្រឺព្រួច លងបន្លាច និង សាហាវឱ្យខ្លាំងជាងភាពយន្តបរទេស ​


ដោយ ៖ Mr. Eric

December 13, 2017

ផលិតកម្ម Wonder Film បានប្រកាសជាមួយភាពយន្តថ្មីដែលមានចំណងជើងថា “អន្ទងវិញ្ញាណ” ខណៈដាក់គម្រោងផលិតឱ្យល្អទាំងគុណភាពនិងបច្ចេកទេសលើភាពយន្តបរទសឬល្អជាងបណ្តាប្រទេសជិតខាង។

លោក សែម វិសាល អ្នកនិពន្ធ និងដឹកនាំសម្ដែងរឿង “អន្ទងវិញ្ញាណ” របស់ផលិតកម្ម Wonder Film ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈដែលផលិតកម្ម បានរៀបចំពិធីក្រុងពាលីចេញថតរឿង “អន្ទងវិញ្ញាណ” ដែលជាប្រភេទរឿងខ្មោចព្រាយបិសាច លងរន្ធ​ត់ ដោយមានវត្តមានតារាសម្ដែង ​ក្នុងរឿង ក្រុមការងារ និងម្ចាស់ផលិតកម្ម ចូលរួមផងដែរ។​ លោកចង់ឲ្យភាពយន្តរបស់ខ្លួន មានលក្ខណៈស្ដង់ដារអន្តរជាតិ មានរបៀបរបប នៃការផលិតឲ្យសមស្រប ទៅតាមបណ្ដាប្រទេសនីមួយៗ ព្រោះដើម្បីឲ្យត្រូវទៅតាមទីផ្សារ នៃការដាក់បញ្ចាំងជាលក្ខណៈអន្តរជាតិ ដែលអាចឲ្យអ្នកទស្សនា ទទួលយកបាន​នូវការផលិត​ របស់ភាពយន្តខ្មែរ ខណៈដែលប្រទេសជិតខាង គេបានដើរមុនយើងមួយជំហាន​បាត់ទៅហើយ ជុំវិញការធ្វើឲ្យភាពយន្តមួយ ដែលជាតិសាសន៍ដទៃ អាចទស្សនាបាន។

លោក សែម វិសាល បានបញ្ជាក់ថា ជាការពិតការផលិតរឿងនីមួយៗ គឺធ្វើឡើងដើម្បីតម្រូវតាមការចង់បាន របស់ទីផ្សារក្នុងប្រទេស ដោយគេមិនបានសំឡឹងមើល ឲ្យបានទូលំទូលាយ ចំពោះទីផ្សារក្រៅប្រទេសឡើយ ដែលធ្វើឲ្យភាពយន្តខ្មែរ មានទីផ្សារតូចចង្អៀត ពេលចេញទៅក្រៅប្រទេស ពោលគឺសូម្បីតែប្រទេសជិតខាង ក៏ពិបាកក្នុងការប្រកួតប្រជែង ជាមួយគេដែរ។

ផលិតកររូបនេះបានបន្តថា សម្រាប់គោលដៅចំបង របស់ផលិតកម្ម Wonder Film គឺមានមហិច្ឆតា ចង់ផលិតភាពយន្តមួយ មាន​ច្រើនបែបច្រើន​សណ្ឋាន ដោយអ្នកទស្សនាជាជនជាតិខ្មែរ ក៏ទទួលយកបាន ឯអ្នកទស្សនាជាជនបរទេស ក៏អាចទទួលយកបាន ពោលគឺក្នុងន័យថា យើងនឹងច្របាច់បញ្ចូល​គ្នា នូវវប្បធម៌របស់បរទេសខ្លះៗ ចូលទៅក្នុងសាច់រឿង ដែលលោកគិតថា វាជារសជាតិ និងជាទិដ្ឋភាពថ្មីមួយទៀត ដែលអ្នកផលិតភាពយន្តដទៃៗទៀត ពុំបានគិតដល់ចំណុចនេះ។

លោក សែម វិសាល បានប្រាប់ថា ជាក់ស្ដែងភាពយន្តរឿង “អន្ទងវិញ្ញាណ” ថ្វីត្បិតតែជាប្រភេទរឿង បែបខ្មោចព្រាយបិសាច ព្រឺព្រួច លងបន្លាច ​អភិនិហា និងកំប្លុកកំប្លែង ប៉ុន្តែក្នុងសាច់រឿងទាំងមូល បានបង្កប់នូវការអប់រំ ភាពស្មោះត្រង់របស់ស្រី្តជាភរិយា ពិធីអន្ទងព្រលឹង ជំនឿ និងវប្បធម៌ផ្សេងៗគ្នាមួយចំនួនទៀត មានទាំងវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរ និងវប្បធម៌បែបបរទេស ដើម្បីឲ្យអ្នកទស្សនាមើលឃើញថា ភាពយន្តមួយនេះ មានគ្រប់រសជាតិ គ្រប់ទម្រង់ទាំងអស់ ដែលធ្វើឲ្យភាពយន្តមានភាពរស់រវើកឡើង អាចឲ្យអ្នកទស្សនាទទួលយកបាន។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៨ ​នេះ ផលិតកម្ម Wonder Film នឹងសម្រេចដាក់បញ្ចាំងរឿងរបស់ខ្លួន​ ចំនួន២រឿងផ្សេងទៀត មានដូចជារឿង “ផ្ទះចិញ្ចឹមខ្មោច”និងរឿង “អន្ទងវិញ្ញាណ” ។ រឿង “ផ្ទះចិញ្ចឹមខ្មោច”  នឹងបញ្ចាំងខែកុម្ភៈ ឆ្នាំ២០១៨ ហើយរឿង “អន្ទងវិញ្ញាណ” ដែកកំពុងដំណើរការថតនេះ នឹងដាក់តាមរោងកុន នៅអំឡុងខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។ ​រឿង “អន្ទងវិញ្ញាណ” នឹងចេញថតរយៈពេល៤ខែ។ ចំណែកការចំណាយ​ស្ថិតនៅលើភាពជាក់ស្តែង តាមអ្វី​ដែលក្រុមការងារ​ បានកំណត់ និងតាមតម្រូវការ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts