Logo

ភ្លៀង​មហាសាល​ទម្លាក់​លើ​ទីក្រុង​ភ្នំពេញ​ដល់​កម្រិត​១១៥​មី​លី​ម៉ែត្រ​ ​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 28, 2017

ភ្លៀង​ធ្លាក់​ចំនួន​ពីរលើក​លើ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​២៨​ខែកញ្ញា​មាន​កម្រិត​ពី​៣៦​ដល់​១១៥​មី​លី​ម៉ែត្រ​នៅក្នុង​រយៈពេល​ខ្លី​បាន​បង្ក​ឲ្យ​មានការ​លិចលង់ ផ្លូវ​និង​ផ្ទះមួយ​ចំនួន​នៅក្នុង​ទីក្រុង​មួយរយៈ​ពេល​ខ្លី ។ ស្ថានភាព​ភ្លៀង​ធ្លាក់​មហាសាល​បែបនេះ​នៅ​បន្ត​កើតមាន​ច្រើន​ថ្ងៃ​ទៀត និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​តំបន់​មួយចំនួន​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៨​ខែកញ្ញា​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​នៅ​រាជធានី​ភ្នំពេញ​រួចមក​ថា​ភ្លៀង​ធ្លាក់​ចំនួន​ពីរលើក​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃនេះ​(២៨​កញ្ញា​) មាន​​កម្រិត​ពី​៣៦​មី​លី​ម៉ែត្រ​ដល់​១១៥​មី​លី​ម៉ែត្រ ធ្វើ​ឲ្យ​មានការ​លិចលង់ ព្រោះ​ជា​ភ្លៀង​មហាសាល​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ភ្លៀង​ធ្លា​ក់នៅ​តំបន់​ចតុមុខ​មាន​កម្រិត​តែ​៣៦​មី​លី​ម៉ែត្រ​តែ​នៅ​តំបន់​ផ្សារ​ដើម​​គរ ឃ្មួញ ជម្ពូ​វ​ន្ត័ មាន​ភ្លៀង​ធ្លាក់​រហូតដល់​១១៥​មី​លី​ម៉ែត្រ ជា​ឥទ្ធិពល​ប្រព​ន្ធ័​សម្ពាធ​ទាប​ដែល​បាន​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​។ ភ្លៀង​ធ្លាក់​បែបនេះ​នៅ​កើតមាន​ច្រើន​ថ្ងៃ​ទៀត​។​ភ្លៀង​កើតចេញពី​ប្រព​ន្ធ័​សម្ពាធ​ទាប បាន​ធ្លាក់​រាយប៉ាយ​លើ​ផ្ទៃដី​ជាង​ពាក់កណ្តាល​នៃ​​ប្រទេស​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នេះ​។​
​ ​
​ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ចេនឡា នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​នាយ​​ក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​អាច​រងគ្រោះ​ដោយ​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​នាពេល​ប៉ុន្មាន​​ថ្ងៃ​ខាងមុខនេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅក្នុង​រាជធានី​ភ្នំពេញ កណ្តាល និង​ខេត្តកំពង់ស្ពឺ ជាពិសេស​គឺ​ស្ទឹង​ព្រែក​ត្នោត​។
​ ​
​ជាមួយគ្នានេះ សម្តេច​ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ធនធានទឹក និង​អ្នកពាក់ព័ន្ធ​ត្រូវ​ត្រៀម​វិធានការ ឲ្យ​បាន​ខ្ពស់​សម្រាប់​រំដោះ​ជំនន់​ទឹកភ្លៀង​។​

​គួរ​រំលឹក​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៧ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាសថា នៅ​ថ្ងៃទី​២៧​ខែកញ្ញា មាន​ប្រព​ន្ធ័​សម្ពាធ​ទាប​មួយ​បាន​កើតឡើង​អូស​កាត់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។​ប្រព​ន្ធ័​សម្ពាធ​ទាប​នេះ​នឹង​ស្ថិតនៅលើ​ប្រទេស​កម្ពុជា​ពេញ​មួយ​សប្តាហ៍​(២៧​កញ្ញា​ដល់​ថ្ងៃទី​៤​ខែតុលា​) ដោយ​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំងប្រទេស ជាមួយនឹង​បរិមាណ​កើនឡើង​បន្ត​​បន្ទាប់​។​
​ ​
​សម្រាប់​តំបន់​វាលទំនាប និង ខ្ពង់រាប​ដូចជា​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយ​មាន​ជ​យ័ សៀមរាប កំពង់ធំ ព្រះវិហារ ឧ​ត្ត​រ​មាន​ជ​យ័ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តក្រចេះ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​​ច្រើន​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​២៧​ខែកញ្ញា​ដល់​ថ្ងៃទី​៣​ខែតុលា​ឆ្នាំ​២០១៧ នឹង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​។​
​ ​
​សម្រាប់​តំបន់​មាត់សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ប៉ុន្តែ​នៅលើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាមួយនឹង​រលក​សមុទ្រ​​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣០​ខែកញ្ញា ។ ជាពិសេស​ប្រជា​នេសាទ​សមុទ្រ​និង​អ្នកដំណើរ​តាម​សមុទ្រ ត្រូវ​បង្កើន​ការ​ប្រ​យុ​ត្ន័ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ​៕​ដោយៈ​ប​.​ខុន

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime