Logo

​ស្ពាន​ជ្រោយចង្វា​ចាស់ នឹង​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១​តុលា ដើម្បី​ធ្វើការ​ជួសជុល​


ដោយ ៖ កាសែត រស្មីកម្ពុជា

September 27, 2017

ទីភ្នាក់ងារ​ជប៉ុន​ចែ​កា​( JICA )​បានប្រកាសថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ថាន​ជ្រោយចង្វា​ចាស់ នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ខាងមុខនេះ ដើម្បី​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​។ គម្រោង​ជួសជុល​ស្ពាន​ជ្រោយចង្វា​នេះ ជា​ជំនួយឥតសំណង​របស់​ជប៉ុន ក្នុង​ទឹកប្រាក់​ប្រមាណ ៣៣ លាន​ដុល្លារ​អាមេរិក និង​ប្រើ​រយៈពេល​ជួសជុល​ប្រមាណ ២១ ខែ ពោលគឺ​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៩​។

ក្នុង​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ទីភ្នាក់ងារ​ជប៉ុន​ចៃ​កា បានប្រកាសថា ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ( ស្ពាន​ជ្រោយចង្វា​ចាស់ ) នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ ខាង​មុខនេះ ដើម្បី​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​។ ចរាចរណ៍​ទ្វេ​ទិស​ឆ្លងកាត់​ទន្លេ នឹង​ប្រព្រឹត្តទៅ​តែ​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តែមួយ​ប៉ុណ្ណោះ​។​
​សេចក្តីជូនដំណឹង បន្តថា ចរាចរណ៍ អាច​នឹងមាន​ការកកស្ទះ​ខ្លាំង​នៅ​បរិវេណ​ជុំវិញ​ការដ្ឋាន​សាងសង់ ជា​ពិសេស​នៅត្រង់ចំណុច​រង្វង់​មូល​ស្ពាន​ទាំងសងខាង ( រង្វង់​មូល​កួច​កាណុង និង​រង្វង់​មូល​ព្រហ្ម​មុខ​បួន )​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ជាមួយ​ទីប្រឹក្សា​បច្ចេកទេស​ជប៉ុន នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជា​អតិបរមា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ចរាចរណ៍ ក្នុងអំឡុងពេល​នៃ​ការជួសជុល​ស្ពាន ដើម្បី​កាត់បន្ថយ​កម្រិត​អប្បបរមា​នូវ​រាល់​ផលប៉ះពាល់​ទាំងឡាយណា ដែល​បង្ក​ការរំខាន​ដល់​ការធ្វើ​ចរាចរ​របស់​អ្នកដំណើរ និង​យានយន្ត ដែល​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​នេះ ក៏ដូចជា ការបញ្ជៀ​ស​ការកកស្ទះ ដោយ​ការដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដូចជា ការកែតម្រូវ​ចំណុច​រង្វង់​មូល​ស្ពាន​ទាំងសងខាង​ការរៀបចំ​គំនូស​ប្លង់​បង្ហាញ​ទិសដៅ​ប្រព័ន្ធ​ចរាចរណ៍ ការ​ផ្តល់នូវ​ដំណោះស្រាយ​សម្រាប់​ពង្វាង​ចរាចរណ៍ និង​ការចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ផ្លូវ​វាង​ផ្សេងទៀត ជាដើម​។​ល​។​
​ ​សេចក្តីជូនដំណឹង ក៏បាន​បន្តថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ការ​អធ្យាស្រ័យ និង​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ ចំពោះ​ការរំខាន​ទាំងឡាយណា ដែល​នឹង​កើតមានឡើង​ក្នុងកំឡុងពេល​នៃ​ការជួសជុល​ស្ពាន​នេះ ហើយក៏​សូម​ថ្លែង​នូវ​សំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយោគ​យល់ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​បើ​អាច សូម​ជៀសវាង​ការធ្វើដំណើរ​ទៅកាន់​ទីតាំង​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ ជាពិសេស​នៅក្នុង​ម៉ោង​មមាញឹក​។​
​ ​ទីភ្នាក់ងារ​ជប៉ុន​ចៃ​កា​បាន​គូសបញ្ជាក់ថា ការស្តារ​ឡើងវិញ​ស្ពាន​ជ្រោយចង្វា​ចាស់​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណើសុំ​បន្ទាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅកាន់​រដ្ឋាភិបាល​ជប៉ុន ដោយហេតុថា ស្ពាន​នេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដែល​មិនមាន​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​ឆ្លងកាត់​ទន្លេ​។ គម្រោង​ជួសជុល​ស្តារឡើងវិញ​នេះ ត្រូវបាន​គាំទ្រ​ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ទឹកប្រាក់​ចំនួន ៣.៣៤៣ លាន​យ៉េន ប្រមាណ​ជា ៣៣ លាន​ដុល្លារ​អាមេរិក​។ ការជួសជុល​ស្តារឡើងវិញ​នៃ​ស្ពាន​នេះ នឹង​ប្រើ​រយៈពេល​ប្រមាណ​ជា ២១ ខែ រហូតដល់​ខែមិថុនា ឆ្នាំ​២០១៩៕MN/ ដោយ​: ម៉េង​ឆៃ​, ពៅ និមល​

Please follow and like us:






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts

  • Social media & sharing icons powered by UltimatelySocial

    Please click on FB page get news everytime