Logo

Lucky Mall សៀមរាប ធ្វើពិធីគម្រប់ខួប ១០ ឆ្នាំ ជាមួយការចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន


ដោយ ៖ Mr. Reno

August 31, 2018

ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨៖ ផ្សារទំនើប Lucky Mall ដែលមានទីតាំងនៅលើផ្លូវស៊ីវុត្ថា ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបចំកម្មវិធីខួបអនុស្សាវរីយ៍គម្រប់ ១០ ឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងគាំទ្រកន្លងមក ជាមួយកម្មវិធីកម្សាន្តសប្បាយៗ រួមនឹងការចាប់ឆ្នោតប្រគល់រង្វាន់ជាច្រើន។

ឈរលើគោលដៅចង់ឲ្យអតិថិជនរស់នៅខេត្តសៀមរាប ទទួលបានបទពិសោធន៍ក្នុងទិញទំនិញតាមបែបស្តង់ដារកម្រិតខ្ពស់ Lucky Mall Seim Reap បានធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០០៨ មកម្ល៉េះ ដោយគិតមកដល់ពេលនេះគឺមានរយៈពេល ១០ ឆ្នាំគត់តែម្ដង។

លោក Tommy Heng អ្នកគ្រប់គ្រងទូទៅប្រចាំផ្សារទំនើបខាងលើបានមានប្រសាសន៍ថា ក្រុមហ៊ុននៅតែស្វះស្វែងពង្រឹងសេវាកម្មរាល់ថ្ងៃដើម្បីប្រាកដថា អតិថិជនពិតជាទទួលបានបទពិសោធន៍ទិញទំនិញតាមបែបស្តង់ដារទំនើបកម្រិតខ្ពស់ ដូចអ្វីដែលខ្លួនតែងតែព្យាយាមធ្វើកន្លងមក។

លោក Tommy បន្ថែមថា៖ “ខ្ញុំសូមធ្វើការអគុណយ៉ាងខ្លាំងដល់បុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តធ្វើការជាមួយ Lucky Mall Seim Reap យើង ក្នុងរយៈពេល ១០ ឆ្នាំមកនេះ។ បើគ្មានអ្នកទាំងអស់គ្នា យើងក៏គ្មានថ្ងៃនេះដែរ។ ពិសេសជាងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងឡាយ ដែលតែងតែស្មោះស្ម័គ្រ គាំទ្រ ទិញទំនិញជាមួយយីហោរបស់យើង។ យើងសន្យាថា នឹងនៅតែបន្តជានិច្ច ក្នុងការអភិវឌ្ឍន៍ផ្សារទំនើប ដើម្បីបំពេញតាមតម្រូវការរបស់លោកអ្នក”។

ជាមួយខួបអនុស្សាវរីយ៍ ១០ឆ្នាំនេះ ក្រុមហ៊ុនបាននាំយកកម្មវិធីកម្សាន្តពិសេសៗដោយមានការចូលរួមពីតារាសម្ដែង ប៉ែន ចំរ៉ុង តារាកំប្លែង រ៉ូលីន និងក្រុមរាំ OMG Girls Dance Crew។ ពួកគេបានធ្វើឲ្យបរិយាកាសកម្មវិធីដំណើរការទៅយ៉ាងរលូន និងសប្បាយរីករាយបំផុត។ អស្ចារ្យជាងនេះ Lucky Mall Seim Reap បានរៀបចំកម្មវិធីចាប់ឆ្នោតប្រគល់រង្វាន់ទៅដល់អតិថិជនរបស់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា៖ ម៉ូតូ Apache 160 RTR ទូទឹកកក ទូរទស្សន៍៤៩ អ៊ីង LCD ម៉ាស៊ីនបោកខោអាវ ទូរសព្ទ iPhoneX សម្ភារៈផ្ទះបាយ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសម្អាង ប័ណ្ណទិញទំនិញនិងរង្វាន់ផ្សេងៗជាច្រើនទៀត។

ក្នុងចំណោមអតិថិជនទាំងអស់ក្នុងខេត្តសៀមរាប អ្នកដែលមានសំណាងជាងគេក្នុងការទទួលរង្វាន់ធំដែលធ្វើ ១០ ឆ្នាំម្ដងជាម៉ូតូម៉ាក Apache 160 RT នេះ គឺអ្នកនាង ម៉ៃ ធីតា អាយុ ៣៤ ជាបុគ្គលិកក្នុងក្រុមហ៊ុនហិរញ្ញវត្ថុមួយក្នុងខេត្តសៀមរាប។ អ្នកនាងប្រាប់ថា ការចូលរួមកម្មវិធីផ្សងសំណាងនេះគឺងាយមែនទែន ដោយអតិថិជនត្រូវចំណាយប្រាក់ទិញទំនិញក្នុងផ្សារទំនើប Lucky Mall Seim Reap ចំនួន ១០ ដុល្លារនោះនឹងបានសន្លឹកឆ្នោត ១ សន្លឹក។ ជាក់ស្ដែងអ្នកស្រីមានសន្លឹកឆ្នោតចំនួន ៨ សន្លឹកប៉ុណ្ណោះ ក៏មានសំណាងឈ្នះរង្វាន់ធំនេះតែម្ដង៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts