Logo

តារាកំប្លែងនាយវីតាមីនសេ មុនស្លាប់មានប្រវត្តិតស៊ូជាច្រើនដែលមិននឹកស្មាន..!


ដោយ ៖ Mr. Eric

March 30, 2018

តារាកំប្លែងនាយ វីតាមីនសេ បានទទួលមរណភាពហើយកាលពីម៉ោងរំលងអាត្រាចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ដោយបន្សល់ភាពអាលោះអាល័យពីសំណាក់មិត្តភ័ក្ត និង សមាជិកក្រុមតារាកំប្លែងរបស់លោក ព្រមទាំងគ្រួសារ។

ក្រោយវិលពីមន្ទីរពេទ្យកាល់ម៉ែត្រក្រោយសង្គ្រោះបន្ទាន់ហើយកាលពីថ្ងៃរសៀលទី២៩ ខែមីនា ដោយក្រុមគ្រូពេទ្យប្រាប់ឱ្យទៅផ្ទះវិញត្រៀមធ្វើបុណ្យនោះស្រាប់ដល់ម៉ោង១២យប់រំលង់អាត្រាលោកបានដាច់ខ្យល់ បើទោះបីជាមានឧបករណ៍អុកស៊ីសែនជាប់នឹងចម្រុះដើម្បីបញ្ជូលខ្យល់ក៏ដោយ។ មរណភាពនៃតារាកំប្លែងរូបនេះបានធ្វើឱ្យមិត្តរបស់លោកជាពិសេសនាយ គុយ និង សមាជិកក្រុមកំប្លែងរួមអាជីពដូចគ្នា ម្នាក់ស្ទើរតែមិនជឿ និងសោកស្តាយ យ៉ាងខ្លាំង។ នាយកុយ ពេលបានដល់ឃើញសភាព នាយ វីតាមីនសេ ដេកស្តូកបែបនេះលោកយំស្រក់ទឹកភ្នែក អួលដើមករគ្មានពាក្យនិយាយមិនបានឡើយ។

តារាកំប្លែងស្រីដែលកូនស្រីនាយ វីតាមីនសេ​ អ្នកនាងប៉េងប៉ោងបានប្រាប់ថា ពិធីបុណ្យសពធ្វើនៅផ្ទះរបស់នាងដែលមានអាស័យដ្ឋានផ្ទះលេខ 188c ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះពីផ្លូវត្រឡោកបែកឡើងមក រកមើលហាងឈ្មោះ Wifi ហើយរកមើលផ្លូវលំលេខ៥៩៨ ចុះមកក្នុងបន្តិចប្រហែល៤០ម៉ែត្រនឹងឃើញផ្ទះរបស់នាងហើយ។ ប្រសិនបងប្អូនមិត្តសិល្បៈណារកមិនឃើញនោះទំនាក់ទំនងមកនាងផ្ទាល់តាមលេខ 010583376។

សូមបញ្ជាក់ថា ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យរុស្ស៊ីបានរកឃើញដុំសាច់មួយនៅបរិវេណថ្លើមរបស់លោក ក្រោយពិនិត្យបានល្អិតល្អន់ ដែលកំណត់ថានាយ វីតាមីនសេមានជម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់។

កាលពីឆ្នាំ២០១៥ នាយ វីតាមីនសេ បានធ្លាក់ខ្លួនឈឺក្នុងសភាពធ្ងន់ធ្ងរម្ដងហើយដោយមានជំងឺបូសអន្ទង់។ ខណៈកាលនោះលោកត្រូវបានសង្គ្រោះទាន់ពេលវេលាអមមកជាមួយនូវជំនួយពីក្រុមសមាគមសិល្បករខ្មែរ និងសប្បុរសជននានាអាណិតអាសូរលោក ។

រូបលោកក្រៅពីជំងឺម្ងឺដុះដុំសាច់លើថ្លើមកម្រិតធ្ងន់ហើយនោះ នាយវីតាមីនសេ មានជំងឺប្រចាំផ្សេងទៀតគឺ ជំងឺលើសឈាម និង ឈឺតាមសន្លាក់។
រំលឹកផងដែរថា លោក ម៉ៅ សាមឿន ហៅនាយវីតាមីនសេ កើតនៅថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៤៨ ស្ថិតក្នុងភូមិកោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ប្រុស៣ ស្រី២។ បច្ចុប្បន្នប្អូនរបស់លោកស្លាប់ចំនួន២ នាក់ក្នុងរបបប៉ុលពត។ ឪពុករបស់លោកឈ្មោះ ទូច ម៉ៅ ជាកសិករ ស្លាប់ ម្ដាយឈ្មោះ ឃឹម យាន ជាកសិករ ស្លាប់។

លោកបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៩៧២ ជាមួយ អ្នកស្រី លីវ ស៊ីថា បច្ចុប្បន្នភរិយារបស់លោក គឺជា ស្រ្តីមេផ្ទះ មានអាយុ ៦៥ ឆ្នាំ ។ លោកមានកូនចំនួន ៥ នាក់ប្រុស ២ ស្រី ៣។ ក្នុងចំណោមកូនទាំង ៥ នាក់ របស់លោក គឺលោកបានបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកសិល្បៈបានម្នាក់ គឺ អ្នកស្រី មឿន និមល ហៅប៉េងប៉ោង។ បច្ចុប្បន្នលោកបានរៀបចំទុកដាក់កូនកូនរបស់លោកឲ្យមានគូស្រករបានចំនួន២ នាក់ ហើយទទួលបានចៅចំនួន២ នាក់។

សម្រាប់ការសិក្សា រៀនមិនបានច្រើនទេ គឺរៀនបានត្រឹមថ្នាក់ទី ៨ កាលពីសម័យដើម ដែលស្មើនឹងថ្នាក់ទី ៤ បច្ចុប្បន្ន។ សាលាដែលលោករៀនមានឈ្មោះថា “សាលារៀនវត្តព្រះសម្បូរ” លោករៀនបានចំនួន២ឆ្នាំ បន្ទាប់មកបានផ្លាស់មករៀននៅ “សាលារៀនជាន់ដំបូង” ស្ថិតក្នុង ភូមិកោងកាង ឃុំ កោងកាង ស្រុក ពញាក្រែក ខេត្ត កំពង់ចាម។ នៅអំឡុងឆ្នាំ ១៩៥៨ កុមារា សាមឿន បានកំព្រាឪពុកតាំងពីនៅវ័យ ១០ ឆ្នាំ។ ឪពុករបស់ សាមឿន បានស្លាប់ដោយសារជំងឺ។ បន្ទាប់ពី ឪពុកស្លាប់ទៅ ទ្រព្យសម្បត្តិ ដីធ្លី និង ផ្ទះរបស់ក្រុមគ្រួសារត្រូវបានម្ចាស់បំណុលរឹបអូសយកអស់។ ដោយសារតែ សាមឿន នៅវ័យក្មេងពេក សាមឿន មិនចងចាំថា តើម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិដោយសាររឿងអ្វីនោះឡើយ។

ក្រោយពីម្ចាស់បំណុលរឹបអូសទ្រព្យសម្បត្តិ ដីធ្លី និង ផ្ទះទៅអស់ ម្ដាយ និង ប្អូនៗរបស់ សាមឿន បានចាកចេញពីស្រុកកំណើត ទៅរស់នៅ ក្នុង ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម ដែលជាស្រុកកំណើតម្ដាយរបស់សាមឿន។

កាលវ័យជាង ១០ ឆ្នាំ សាមឿន បានស៊ីឈ្នួលបម្រើតាមផ្ទះ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយ ក្នុងស្រុក ពញាក្រែក។ តម្លៃពលកម្ម ជាអ្នកបម្រើ របស់សាមឿន ត្រូវបានថៅកែ ឲ្យគិតជាស្រូវ៣០ថាំងក្នុង១ឆ្នាំ ។ ការងារ ដែលកុមារា រូបនេះធ្វើ ដូចជា មើលគោក្របី ធ្វើស្រែ-ចម្ការ រែកទឹក ជាដើម។

ក្រោយធ្វើជាអ្នកបម្រើរបស់គេពិបាកពេក សាមឿន ធ្វើបានតែ៦ខែប៉ុណ្ណោះ ក៏សុំឈប់វិញ។ សាមឿន ត្រូវវិលទៅរស់នៅជាមួយម្ដាយ និង ប្អូនៗចំនួន៤នាក់ទៀតនៅ ឃុំ កំពង់ទ្រាស ស្រុក ក្រូចឆ្មារ ខេត្ត កំពង់ចាម។ ត្បិតតែនៅក្មេង តែក្នុងនាមជាកូនច្បង សាមឿន និង ម្ដាយ ត្រូវស្វះស្វែងរកប្រាក់ ក្នុងនាមជាអ្នករ៉ាប់រងចិញ្ចឹមប្អូនៗ។ សាមឿន ត្រូវទូលពោតស្ងោរ នំអាកោ រែកទឹកត្នោត រាវខ្ចៅខ្ចង យកទៅលក់ដើម្បីផ្គត់ផ្គង់គ្រួសារ។

កាលវ័យ ១៣ ឆ្នាំ ដោយសារតែគ្រួសារមានជីវភាពលំបាកពេក ហើយគួបផ្សំ កុមារា រូបនេះ មាននិស្ស័យផ្នែកសិល្បៈផង សាមឿន បានសុំម្ដាយរបស់ ចូលលេងល្ខោនបាសាក់ ក្នុងវង់ល្ខោន ” តាអូក្លូញ ” ស្ថិតក្នុងស្រុករបស់សាមឿន។

ជីវភាពជាអ្នកសិល្បៈ ម្ដាយរបស់ សាមឿន មិនចង់ឲ្យប្រឡូកឡើយ ដោយម្ដាយបានហៅសាមឿនជារឿយៗឲ្យត្រឡប់មកផ្ទះវិញ ប៉ុន្ដែ ដោយសារតែ សាមឿន មាននិស្ស័យខាងសិល្បៈខ្លាំងពេក ទើបអង្វរម្ដាយសុំលេងល្ខោនបាសាក់នេះ ដោយសន្យាចំពោះមុខម្ដាយថា នៅពេលដែលរកស៊ីមានបានទើបលោកត្រឡប់មកជួបម្ដាយវិញ ប៉ុន្ដែ ប្រសិនបើរកស៊ីមិនមានបានទេ សាមឿនមិនត្រឡប់មកជួបម្ដាយវិញឡើយ។

កាលនៅក្នុងវង់ល្ខោន “តាអូក្លូញ” ដំបូងឡើយ សាមឿន ធ្វើជាអ្នកវាយស្គរ វាយឈឹង ជាដើម។ ក្រោយមក សាមឿន ក៏បានប្ដូរវង់ល្ខោន “តាអូក្លូញ” មកចូលលេងក្នុងវង់ល្ខោន “អ្នកទម្លាប់” ប៉ុន្ដែ នៅក្នុងវង់នេះមិនបានយូរប៉ុន្មាន មួយឆ្នាំក្រោយមក សាមឿន បានផ្លាស់មកលេងក្នុងវង់ល្ខោន “ថីឌុល” ក្នុងទឹកដីខេត្តបាត់ដំបង។

នៅបាត់ដំបង សាមឿន មានបងធម៌ ឈ្មោះ ប៉ែន សន ដែលជាតួឯកល្ខោនក្នុងវង្សល្ខោន “ថីឌុល” នៅក្នុងវង់នេះ បានប្រហែលជាមួយឆ្នាំ សាមឿន ក៏មានឱកាសចូលមកលេងក្នុង វង់ល្ខោន “បាក់ស្រេង” នៅឯក្រុងភ្នំពេញជាមួយបងធម៌ ឈ្មោះ ប៉ែន សន។ ត្រង់នេះ សាមឿន បានបញ្ជាក់ថា កាលណោះថៅកែ បាក់ស្រេង និង អ្នកស្រី អ៊ុន វ៉ាង បានទិញ លោក ប៉ែន សន ដែលត្រូវជាបងធម៌មកចូលក្នុង វង់ល្ខោន “បាក់ស្រេង” ព្រោះនៅសម័យនោះ លោក ប៉ែន សន គឺតួឯកល្ខោនដែលល្បីនៅក្នុងខេត្ត បាត់ដំបង។

លោក សាមឿន ហៅ នាយវីតាមីនសេ បានរៀបរាប់ថា នៅពេលដែលលោកបានចូលលេងក្នុង វង់ល្ខោន បាក់ស្រេង លោកបានចេះពីរបៀបលេងល្ខោនច្រើន និង អាចសម្ដែងបានគ្រប់តួទាំងអស់ ព្រោះនៅក្នុងវង់ល្ខោនបាក់ស្រេងជាវង្សល្ខោនដែលធំជាងគេនៅក្នុងប្រទេសកម្ពុជានាសម័យនោះ។ បាក់ស្រេង មានរហូតដល់ទៅ ៣ វង់ ហើយមានគ្រួជំនាញខាងល្ខោនបាសាក់ជួយបង្ហាត់លោកជាច្រើន។ “ខ្ញុំបានលេងក្នុងវង់ល្ខោនបាក់ស្រេងបានច្រើនឆ្នាំគួរសម”។

នៅឆ្នាំ ១៩៦៩ លោក សាមឿន ហៅ នាយវីតាមីនសេ មានវ័យ ២១ ឆ្នាំ គឺ លោកបានឈប់ពីវង់ល្ខោនបាក់ស្រេង មកចូលលេងក្នុង វង់ល្ខោន “ឃុនព្រះម្នាងយិន តាត ” នៅជិតផ្សាស៊ីឡឹប។ លោកចូលលេងក្នុង វង់ល្ខោន បានរហូតដល់សម័យ លន់ នល់ ធ្វើ រដ្ឋប្រហារ ទម្លាក់សម្តេចឪ គឺនៅថ្ងៃ ១៨ មីនា ១៩៧០ ទើបឈប់។ បន្ទាប់ពីលោកបានឈប់ពី វង់ល្ខោន ឃុនព្រះម្នាងយិន តាត លោកក៏មកចូលលេងក្នុងវង់ល្ខោន បាក់ស្រេង ម្ដងទៀត ។

ជីវិតក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ៖ ១៧ មេសា ឆ្នាំ ១៩៧៥ ដែលគ្រប់ស្គាល់ថា ជារបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថា របបអាវខ្មៅ ដែលបានសម្លាប់ប្រជាជនខ្លួនឯងអស់ប្រមាណជាជិត ២ លាននាក់ និង របបមួយនេះ បានជម្លៀសប្រជាជនចេញពីទីក្រុងគ្រប់ៗគ្នា នៅក្នុងនោះក៏មានគ្រួសាររបស់ លោក សាមឿន ហៅនាយ វីតាមីនសេផងដែរ។

ក្នុងរបបខ្មែរក្រហមបានបង្ខំឲ្យលោក និង ភរិយា ក៏ដូចជា ប្រជាជនផ្សេងទៀតឲ្យធ្វើការយ៉ាងលំបាកវេទនាបំផុត។ លោក និង ភរិយា ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការ ដូចជា ជីកប្រឡាយ លើកទំនប់ ធ្វើ ស្រែ-ចម្ការ ជាដើម។ អ្វីដែលលោកមិនអាចបំភ្លេចបាននោះគឺ ខ្មែរក្រហមបានបង្ខំលោកក៏ដូចជាប្រជាជនផ្សេងទៀត ឲ្យជីក អាងទឹកកំពីងពួយ យ៉ាងលំបាកបំផុត។ ការរស់នៅហូបតែបបរមិនឆ្អែត ហើយធ្វើការងារលើសកម្លាំងលោកមិនអាចបំភ្លេចទេមួយជីវិតរបស់លោកនៅសម័យនោះ។ នៅឆ្នាំ ១៩៧៧ ភរិយារបស់លោក បានបង្កើតកូនស្រីមួយឈ្មោះ មឿន និមល ហៅប៉េងប៉ោង ដែលជាតារាកំប្លែងបច្ចុប្បន្ន។

ក្រោយពីថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ លោក និង ក្រុមគ្រួសារមិនបានត្រឡប់មកស្រុកកំណើតឯខេត្តកំពង់ចាមវិញទេ គឺបន្តនៅក្នុងខេត្តបាត់ដំបងតែម្ដង។

មូលហេតុដែលលោកមិនចង់វិលមកស្រុកកំណើតឯខេត្តកំពង់ចាមវិញ ព្រោះលោកគិតថា លោកបានស្គាល់អ្នកស្រុកនៅទីនោះច្រើន ព្រោះកាលដែលលោកនៅលេងល្ខោន លោកមានមិត្តភ័ក្ដិច្រើនណាស់នៅក្នុងខេត្ត បាត់ដំបងនេះ ហើយម្យ៉ាងទៀត លោកចង់បន្ដអាជីពជាអ្នកលេងល្ខោន។

លោក និង នាយ ព្រួញ មាស បានប្រមែប្រមូលសិល្បករ សិល្បការិនី ដែលសេសសល់ពីការកាប់សម្លាប់ក្នុងរបបខ្មៅងងឹត បង្កើតជាក្រុមល្ខោនមួយ ដែលមានឈ្មោះថា ” ក្រុមសិល្បៈមហាជន ” នៅក្ដុលដូនទាវ ខេត្ត បាត់ដំបង។ ក្រុមល្ខោនរបស់លោកកាលពីសម័យនោះ បានដើរលេងគ្រប់ច្រកល្ហក ក្នុងទឹកដីខេត្តបាត់ដំបង ដោយដូរយកអង្ករ ព្រោះកាលនោះគេមិនចាយលុយទេ។

លោកបានឲ្យដឹងថា កាលណោះតួឯកល្ខោនតម្លៃខ្លួន ១ យប់បាន ៣០ កំប៉ុងអង្ករ ហើយតួរាយរងបាន ១០ កំប៉ុង ។ ដោយសារតែការស្រលាញ់សិល្បៈក្រុមរបស់លោកបានលេងក្នុងទឹកដីខេត្ត បាត់ដំបង រហូត មានការទទួលស្គាល់ពីមន្ទីរឃោសនាការនិង ព័ត៌មាន ខេត្ត បាត់ដំបង។

នៅឆ្នាំ ១៩៨៩ ក្រុមសិល្បៈមហាជនរបស់លោក បានចូលរួមប្រឡងប្រជែង ក្នុងកម្មវិធីមហោស្រពសិល្បៈមហាជនទូទាំងប្រទេស នៅសាលមហោស្រពទន្លេ បាសាក់។ កាលនោះក្រុមរបស់លោកបាន យក “រឿង លំពែងផ្ដាច់ជីវិត” យកមកប្រកួត ។ រឿង លំពែងផ្ដាច់ជីវិត ដែលក្រុមរបស់លោកយកមកចូលរួមប្រកួតនេះ គឺជាការនិពន្ធ ដោយរូបលោក និង នាយព្រួញ មាស ព្រមទាំងមានការចូលរួមខាងមន្ទីរឃោសនាការ និង ព័ត៌មាន ខេត្ត បាត់ដំបង ។ ជាលទ្ធផលក្រុមរបស់លោកបាន ទទួលបានពានរង្វាន់ លេខ ២ ខាងសម្ដែង និង ពានរង្វាន់លេខ១ ខាង និពន្ធ រឿង។ ដោយមើលឃើញពីស្នាដៃនិពន្ធរឿងរបស់លោកមានការរីកចម្រើន នាយព្រួញ មាស បានទាក់ទង ផលិតកម្ម នៅឯភ្នំពេញដើម្បីឲ្យលោកបានចូលធ្វើការ។

នៅចុងឆ្នាំ ១៩៨៩ លោកបានមកភ្នំពេញ ដោយធ្វើការជាអ្នកនិពន្ធរឿង និង ជាតារាសម្ដែងឲ្យផលិតកម្មមួយ នៅក្រុងភ្នំពេញ។ លោកមិនបានចាំឈ្មោះផលិតកម្ម ដែលលោកបានចូលធ្វើការនោះទេ ប៉ុន្តែលោកនៅចាំឈ្មោះថៅកែ គឺឈ្មោះ យាយ រ៉ាន់ នៅទួលគោក។

ក្រោយមកលោកក៏បានស្គាល់អ្នកកំប្លែងជាច្រើនផ្សេងទៀតដូចជា នាយ ជ្រុញ, នាយ កុយ, នាយក្រឹម, សានម៉ៅ, នាយហើម, នាយម្ទេសប្លោក និង តួជាច្រើនទៀត រួចហើយក៏មានឱកាសចូលលេងកំប្លែងជាមួយគ្នាតែម្ដង។

មកដល់ត្រង់ចំណុចនេះ លោកបញ្ជាក់ថា កាលនៅលេងល្ខោនឯ ខេត្តបាត់ដំបង លោកត្រូវបាន លោក ប៉ែន សេង ហៅ នាយ ស៊ុយ ដែលជាតារាកំប្លែងដៃគូ តា ម៉ុងដូលីន លោក ឆោម ឆន ( ឪពុកអ្នកស្រី ឆោម ឆវិន លោក ឆោម ប៊ុនយ៉ុង ) និង ថៅកែ បាក់ ស្រេង បានដាក់ឈ្មោះ ឲ្យលោកថា វីតាមីន។ ប៉ុន្តែ ក្រោយមក នាយជ្រុញ, នាយកុយ, នាយក្រឹម, នាយសានម៉ៅ, នាយហើម, នាយម្ទេស ប្លោក ជាដើមបានបន្ថែមឈ្មោះឲ្យលោកមួយទៀតថា” សេ” ទៅជាវីតាមីនសេ តែម្ដង។

មកភ្នំពេញ លោកបានមករស់នៅក្នុងតំបន់អាណាធិបតេយ្យ ជាមួយ ក្រុមសិល្បៈយោធា ក្នុងសង្កាត់ទឹកល្អក់២ ជិតផ្សារទួលគោក ហើយក្រោយមកលោកបានចូលបម្រើការជាយោធាផ្នែកសិល្បៈ របស់កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ។ បច្ចុប្បន្នលោកគឺកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ដែលមានឋានន្តរសក្ដិវរសេនីយ៍ឯក “សគ្គិ៥”។ ក្រោយមកលោកក៏បានទិញដីមួយកន្លែង ស្ថិតក្នុងភូមិ ទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ហើយក៏សង់ផ្ទះបានចំនួន២ ល្វែង កំពុងរស់នៅបច្ចុប្បន្ន។

នៅអំឡុងឆ្នាំ ១៩៩២ មានទស្សនិកជនចាប់ផ្ដើមស្គាល់កាន់តែច្រើន គឺបន្ទាប់ពីលោក បានសម្ដែង ក្នុងកម្មវិធី កំប្លែងរបស់ទូរទស្សន៍ជាតិ ជាមួយតារាកំប្លែងចាស់ ដូចជា នាយ ស៊ីត្រូ នាយសង់ស៊ីស នាយម្ទេសប្លោក នាយជ្រុញ នាយប៉ិកគក់ យាយណាង យាយយ៉យ យាយអឿន នាយកុយជាដើម។ បន្ទាប់មកក៏ចាប់ផ្ដើម ថតខ្សែភាពយន្ត ខារ៉ាអូខេ និង រឿងកំប្លែងជាច្រើនសម្រាប់លក់ក្នុងស្រុក និង ក្រៅស្រុក។

ក្រោយពីទូរទស្សន៍ឯកជន និង ផលិតកម្មក្នុងស្រុកចាប់ផ្ដើមបង្កើតកាន់តែច្រើន លោក ក៏ដូចជា តារាកំប្លែងផ្សេងៗទៀតបានបែកគ្នាជាបណ្ដើរ ដោយត្រូវបង្កើតក្រុមកំប្លែងតូចៗរៀងៗខ្លួន ដើម្បីតម្រូវការទីផ្សាសិល្បៈ។ ក្នុងនោះ លោកបានបង្កើតក្រុមកំប្លែងផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា “ក្រុមកំប្លែងនាយវីតាមីនសេ” ដែលមានសមាជិក ដូចជា នាយស៊ីត្រូ នាយសង់ស៊ីស យាយណាង នាយសេត នាយស្វិត នាយឆើត នាយតឹង នាងបុទុម និង នាងប៉េងប៉ោង ដែលជាកូនរបស់លោកជាដើម។

ចំពោះ ការចេញសម្ដែងនៅក្រៅប្រទេស លោកធ្លាប់ចេញទៅសម្ដែងទៅបានចំនួន ២ ប្រទេស ក្នុងនោះមានដូចជា នៅសហរដ្ឋអាមេរិកមួយលើក កាលពីឆ្នាំ ១៩៩៤ គឺលោកទៅសម្ដែងនៅទីនោះមួយឆ្នាំពេញតែម្ដង។ ក្រោយមក លោកបានទៅសម្ដែង នៅប្រទេសបារាំងម្ដងនៅឆ្នាំ ២០០១ ។

ចំពោះ ប័ណ្ណសរសើរ មេដៃ ព្រមទាំងគ្រឿងឥស្សរិយយស វិញ លោកបានប្រាប់ថា លោកធ្លាប់បានទទួលច្រើនគួរសម ប៉ុន្តែ ប័ណ្ណសរសើរ និង គ្រឿងឥស្សរិយយស មួយចំនួនត្រូវបានបាត់បង់អស់ខ្លះបន្ទាប់ពីលោក ឧស្សាហរើផ្ទះច្រើនលើកពេក។ បច្ចុប្បន្ននៅសល់តែ ២ ឬ ៣ ប៉ុណ្ណោះ ក្នុងនោះមានប័ណ្ណសរសើរ ចេញដោយសម្ដេចនាយករដ្ឋមន្ត្រី ចំនួន ២ លើក ផងដែរ៕






ផ្សព្វផ្សាយពាណិជ្ជកម្ម

  • KBN TV

  • អីយ៉ាស! ម៉ា នីកា លាងម៉ូតូក៏ស៊ីអារម្មណ៍ដែរ!នរណាចង់លាងមួយនាងខ្លះ?

  • Recent Posts